ព្រះត្រៃបិដក ភាគ ៥៤
កាលបើឆ្លើយមិនរួច ក៏ធ្វើនូវសេចក្តីក្រោធ ប្រទូស្ត អាក់អន់ចិត្ត ឲ្យប្រាកដឡើង រួចក៏សួរត្រឡប់មករកអញក្នុងប្រស្នាទាំងនុ៎ះវិញ បើដូច្នោះ គួរតែអាត្មាអញ ត្រឡប់មកកាន់ភេទថោកទាប គឺភេទគ្រហស្ថ បរិភោគកាមវិញចុះ។ លំដាប់នោះ សភិយបរិពា្វជក មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតមនេះឯង ក៏ជាអ្នកមានពួក មានក្រុម ជាគណាចារ្យ ដែលអ្នកផងធ្លាប់ស្គាល់ ជាអ្នកមានយស ធ្វើនូវកំពង់ គឺទិដ្ឋិ ដែលជនច្រើនគ្នាសន្មតថា ជាសប្បុរសដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ហើយសួរប្រស្នាទាំងនេះ។ លំដាប់នោះ សភិយបរិព្វាជក មានសេចក្តីត្រិះរិះយ៉ាងនេះទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា ដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ជាអ្នកខ្ជាប់ខ្ជួន (ក្នុងសមណធម៌) ស្គាល់រាត្រីច្រើន បួសយូរយារហើយ ជាអ្នកមានពួក មានក្រុម ជាគណាចារ្យ ដែលអ្នកផងធ្លាប់ស្គាល់ ជាអ្នកមានយស ធ្វើនូវកំពង់ គឺទិដ្ឋិ ដែលជនច្រើនគ្នាសន្មតថា ជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សប។បេ។ ឈ្មោះនិគន្ថនាដបុត្ត សមណព្រាហ្មណ៍ទាំងនោះសោត លុះត្រូវអញសួរប្រស្នាទាំងឡាយហើយ ក៏ឆ្លើយមិនរួច
ID: 636865552286875941
ទៅកាន់ទំព័រ៖