ព្រះត្រៃបិដក ភាគ ៥៤
រួចស្រឡះចាកចំណង (គឺអវិជ្ជា ភវតណ្ហាជាដើម) ជាឫសគល់នៃខេត្ត (ទាំងអស់) បុគ្គលនឹងធឹង មានសភាពដូច្នោះនោះ ឈ្មោះថា អ្នកឈ្នះនូវខេត្ត គឺអាយតនៈ ព្រោះមានចិត្តទៀងទាត់។ បុគ្គលណា ពិចារណាឃើញនូវស្រោម គឺកម្មទាំងអស់ គឺស្រោមជាទិព្វ ជារបស់មនុស្ស និងស្រោមជារបស់ព្រហ្ម រួចស្រឡះចាកចំណង (គឺអវិជ្ជា ភវតណ្ហា ជាដើម) ជាឫសគល់នៃស្រោមទាំងអស់ បុគ្គលនឹងធឹង មានសភាពដូច្នោះនោះ ឈ្មោះថា ជាអ្នកច្រូតកាត់នូវស្រោម គឺកម្ម។ បុគ្គលណា មានបញ្ញាស្អាត ពិចារណាឃើញ នូវធម្មជាតិស្អាត គឺអាយតៈទាំងពីរ ទាំងខាងក្នុងខាងក្រៅ កន្លងនូវធម៌ខ្មៅ និងធម៌ស គឺបាប និងបុណ្យ បុគ្គលនឹងធឹងមានសភាពដូច្នោះនោះ ឈ្មោះថា ជាបណ្ឌិត។ បុគ្គលណា ដឹងច្បាស់ធម៌របស់ពួកអសប្បុរស និងសប្បុរស ក្នុងលោកទាំងមូល ទាំងខាងក្នុងទាំងខាងក្រៅ កន្លងបង់នូវគ្រឿងជាប់ចំពាក់ដោយបណ្តាញ បុគ្គលនោះ គួរទេវតា និងមនុស្សបូជា បុគ្គលនោះ ឈ្មោះថា មុនី។
ID: 636865554438639015
ទៅកាន់ទំព័រ៖