ព្រះត្រៃបិដក ភាគ ៥៤
ផ្កាឈូកសដ៏ល្អ មិនជាប់ក្នុងទឹក យ៉ាងណាមិញ ព្រះអង្គមិនជាប់ក្នុងអំពើទាំងពីរ គឺបុណ្យ និងបាប ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គជាវីរបុរស សូមព្រះអង្គសណ្តូកព្រះបាទ សភិយបរិព្វាជក ថ្វាយបង្គំ (ព្រះបាទ) ព្រះសាស្តា។
[៥៩] គ្រានោះ សភិយបរិព្វាជក ឱនសិរ្សៈ ទៀបព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ហើយសរសើរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងាររបស់ដែលផ្កាប់ចុះ ពុំនោះ ដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ពុំនោះសោត ដូចជាគេប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬក៏ដូចជាគេទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ឲ្យមនុស្សមានចក្ខុ មើលឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គនុ៎ះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ ម្នាលសភិយៈ អ្នកណា ធ្លាប់ជាអន្យតិរិ្ថយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ
ID: 636865557047948259
ទៅកាន់ទំព័រ៖