ព្រះត្រៃបិដក ភាគ ៥៤
លំដាប់នោះ សេលព្រាហ្មណ៍ ប្រាប់ពួកមាណពទាំងនោះថា អ្នកដ៏ចំរើនទាំងឡាយ ចូរនិយាយគ្នាតិច ៗ ចូរដើរដាក់ជើងជិតជើង (ដើរសន្សឹម) ព្រោះលោកដ៏ចំរើនទាំងនោះ មកអំពីចម្ងាយ ដើរតែម្នាក់ឯង ដូចសីហៈ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ទម្រាំអញប្រឹក្សានឹងព្រះសមណគោតមសិន ម្នាលអ្នកដ៏ចំរើនទាំងឡាយ អ្នកទាំងឡាយ កុំស្កាត់សំដីអញត្រង់ចន្លោះ ៗ ឡើយ អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំនូវទីបំផុតនៃពាក្យអញសិន។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលសំដៅទៅត្រង់កន្លែងដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ សេលព្រាហ្មណ៍ លុះអង្គុយក្នុងទីសមគួរហើយ ក៏ពិនិត្យមើលមហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។ សេលព្រាហ្មណ៍ បានឃើញនូវមហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ ដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈពីរប្រការ ក៏សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនយល់ច្បាស់
ID: 636865559160259076
ទៅកាន់ទំព័រ៖