ព្រះត្រៃបិដក ភាគ ៥៤
ក្នុងមហាបុរិសលក្ខណៈ ២ ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម ១ ព្រះជិវ្ហាល្វន់ល្វៃ ១។ គ្រានោះ ព្រះមានព្រះភាគ មានព្រះតម្រិះយ៉ាងនេះថា សេលព្រាហ្មណ៍ ឃើញតែមហាបុរិសលក្ខណៈ ៣២ ប្រការ របស់តថាគត ដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈ ២ ប្រការ ក៏សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនយល់ច្បាស់ ក្នុងមហាបុរិសលក្ខណៈ ២ ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម ១ ព្រះជិវ្ហាល្វន់ល្វៃ ១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់និម្មិតរូប ដែលតាក់តែងដោយឫទ្ធិ មានទំនងល្មមឲ្យសេលព្រាហ្មណ៍ឃើញបាននូវគុយ្ហប្រទេស ដែលស្រោបដោយស្រោមរបស់ព្រះអង្គ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀនព្រះជិវ្ហា ហើយមូរស៊កតាមរន្ធនៃព្រះកាណ៌ទាំងពីរផង មូរស៊កតាមរន្ធនៃព្រះនាសិកទាំងពីរផង បិទបាំងនូវមណ្ឌល នៃនលាដទាំងអស់ដោយព្រះជិវ្ហាផង។ លំដាប់នោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ គ្រប់គ្រាន់ មិនមែនមិនគ្រប់គ្រាន់ទេ ប៉ុន្តែ អញមិនទាន់ស្គាល់ នូវលោកថា ជាព្រះពុទ្ធ ឬមិនមែនព្រះពុទ្ធ។
ID: 636865559346039702
ទៅកាន់ទំព័រ៖