ព្រះត្រៃបិដក ភាគ ៥៤
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ) បព្វជ្ជារបស់កុលបុត្ត អ្នកមិនធ្វេសប្រហែស កាលសិក្សាជាគុណជាតិ មិនឥតអំពើក្នុងព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌នោះ តថាគត សំដែងទុកល្អហើយ ជាគុណឲ្យផលជាក់ច្បាស់ មិនកំណត់កាល។
[៦៥] សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លំដាប់នោះ លុះកន្លងរាត្រីនោះហើយ កេណិយជដិល ក៏ឲ្យតាក់តែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងអាស្រមរបស់ខ្លួន ហើយឲ្យក្រាបទូលភត្តកាលដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់យាងសំដៅចូលទៅឯអាស្រមកេណិយជដិល លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ ព្រមទាំងភិក្ខុសង្ឃ។ គ្រានោះ កេណិយជដិល បានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ទាល់តែហាមឃាត់។
ID: 636865560794632557
ទៅកាន់ទំព័រ៖