ព្រះត្រៃបិដក ភាគ ៥៤
អ្នកចូរមើលនូវការរៀបរាប់ជាច្រើន របស់ពួកញាតិដែលកំពុងអាឡោះអាល័យ បណ្តាសត្វទាំងឡាយ សត្វតែម្នាក់ ៗ ដែលត្រូវមច្ចុនាំទៅ ដូចជាគោ ត្រូវគេសម្លាប់ សត្វលោក ត្រូវមច្ចុ និងជរាគ្របសង្កត់ហើយយ៉ាងនេះ ព្រោះហេតុនោះ អ្នកប្រាជ្ញាទាំងឡាយ រមែងមិនសោកស្តាយឡើយ ព្រោះដឹងច្បាស់នូវបរិយាយនៃសត្វលោក។ អ្នកមិនស្គាល់ផ្លូវរបស់សត្វណា ដែលមក ឬទៅ មិនឃើញជាក់លាក់នូវចំណែកទាំងពីរ របស់សត្វនោះ អ្នកខ្សឹកខ្សួលឥតអំពើរទេ បើបុគ្គលវង្វេងវង្វាន់ ខ្សឹកខ្សួល ផ្តួលខ្លួនហើយ បាននូវប្រយោជន៍តិចតួច ម្ល៉េះសមអ្នកប្រាជ្ញឈ្លាសវៃ គប្បីធ្វើនូវសេចក្តីខ្សឹកខ្សួលនោះដែរ។ បុគ្គលមិនមែនដល់នូវការស្ងប់រម្ងាប់ចិត្ត ព្រោះការយំ ការសោកទេ ទុក្ខកើតឡើងដោយក្រៃងលែង ដល់បុគ្គលកាលយំសោកនោះ ទាំងសរីរៈក៏លំបាក។ បុគ្គលដែលផ្តួលខ្លួនដោយខ្លួនឯង តែងជាអ្នកស្គម អាប់សម្បុរ អ្នកចែកឋានទាំងឡាយ រមែងមិនរស់វិញបាន ដោយការខ្សឹកខ្សួលនោះទេ ការខ្សឹកខ្សួលជាការឥតអំពើ។
ID: 636865589703866071
ទៅកាន់ទំព័រ៖