ព្រះត្រៃបិដក ភាគ ៥៤
បណ្តាមនុស្សទាំងឡាយ នរណាមួយ ចិញ្ចឹមជីវិតដោយភាពជាអ្នកកាន់អាវុធ (ទាហាន) ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាអ្នកចិញ្ចឹមជីវិតដោយភាពជាទាហាន មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយ ចិញ្ចឹមជីវិតដោយភាពជាបុរោហិត ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាអ្នកបូជា មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយ បរិភោគនូវធរណីផល ដែលកើតអំពីស្រុក ឬដែន (ស្តេច) ប្រើប្រាស់ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាស្តេច មិនមែនព្រាហ្មណ៍ទេ។ តថាគត មិនហៅបុគ្គលដែលមានកំណើតកើតអំពីមាតា ថាជាព្រាហ្មណ៍ទេ បុគ្គលនោះ ឈ្មោះថា ភោវាទី បុគ្គលនោះ ប្រកបដោយគ្រឿងកង្វល់ តថាគតហៅបុគ្គលដែលមិនមានគ្រឿងកង្វល់ មិនមានកំណាន់នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា កាត់សំយោជនៈទាំងអស់ហើយ មិនតក់ស្លុត់ តថាគត ហៅបុគ្គលអ្នកកន្លងសង្គហធម៌ ប្រាសចាកយោគៈ ទាំង ៤ នោះ ថាជាព្រាហ្មណ៍។
ID: 636865592117744137
ទៅកាន់ទំព័រ៖