ព្រះត្រៃបិដក ភាគ ៥៤

​លំដាប់នោះ​ ​ក​ណ្ហ​សិរី​ ​រឭក​ឃើញ​ដំណើរ​របស់​ខ្លួន​ ​ក៏​មាន​សភាព​មិន​រីករាយ​ ​ទើប​យំ​សម្រក់​ទឹកភ្នែក​វិញ​ ​ពួក​សក្យៈ​ឃើញ​ហើយ​ ​ក៏​សួរ​ឥសី​ ​ដែល​កំពុង​យំ​ថា​ ​សេចក្តី​អន្តរាយ​ ​នឹង​មានដល់​ព្រះរាជ​កុមារ​នៃ​យើង​ឬ​។​ ​ឥសី​ ​លុះ​ឃើញ​ពួក​សក្យៈ​មិន​រីករាយ​ហើយ​ ​ទើប​ពោល​ថា​ ​អាត្មា​មិនបាន​រឭក​នូវ​អំពើ​មិនមែន​ជា​ប្រយោជន៍​ចំពោះ​ព្រះរាជ​កុមារ​ឡើយ​ ​មួយទៀត​ ​សេចក្តី​អន្តរាយ​ ​នឹង​មិន​មានដល់​ព្រះរាជ​កុមារ​ទេ​ ​ព្រះរាជ​កុមារ​នេះ​ ​មិន​ថោកថយ​ឡើយ​ ​សូមអ្នក​ទាំងឡាយ​ ​មានចិត្ត​រីករាយ​ចុះ​។​ ​ព្រះរាជ​កុមារ​នេះ​ ​នឹង​បាន​ត្រាស់​ដឹង​នូវ​សម្ពោធិញ្ញាណ​ដ៏​ប្រសើរ​ ​ព្រះរាជ​កុមារ​នេះ​ ​ជា​អ្នក​ឃើញ​នូវ​ព្រះនិព្វាន​ដ៏​បរិសុទ្ធ​ក្រៃលែង​ ​ព្រះរាជ​កុមារ​នេះ​ ​ជា​អ្នក​អនុគ្រោះ​នូវ​ប្រយោជន៍​ដល់​ជន​ច្រើន​ ​នឹង​ញុំាង​ព្រះ​ធម្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ព្រហ្មចរិយៈ​ ​គឺ​សាសនា​របស់​ព្រះរាជ​កុមារ​នេះ​ ​នឹង​សាយភាយ​ទៅ​។​ ​ឯ​អាយុ​របស់​អាត្មា​ ​មិនបាន​តាំងនៅ​យូរ​ ​ក្នុង​មនុស្ស​នេះ​ទេ​ ​កាលកិរិយា​របស់​អាត្មា​ ​នឹង​មាន​ក្នុង​រវាង​ ​(​នេះ​)​ ​ឯង​ ​អាត្មា​នឹង​មិនបាន​ស្តាប់ធម៌​របស់​ព្រះរាជ​កុមារ​អ្នកមាន​ព្យាយាម​ ​មិន​មាន​អ្នកណា​ស្មើ​ឡើយ​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636865600583538352
ទៅកាន់ទំព័រ៖