ព្រះត្រៃបិដក ភាគ ៥៤
[៧៨] ពួកជនណា មិនដឹងច្បាស់នូវទុក្ខ ទាំងនូវហេតុនាំឲ្យកើតទុក្ខ នូវព្រះនិព្វានជាទីរំលត់ទុក្ខ មិនសេសសល់ដោយសព្វគ្រប់ ទាំងមិនដឹងនូវផ្លូវទៅកាន់ទីរម្ងាប់ទុក្ខនោះ ពួកជននោះ សាបសូន្យហើយ ចាកចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ពួកជននោះ មិនគួរដើម្បីនឹងធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃវដ្តទុក្ខបាន ពួកជននោះ ចូលទៅកាន់ជាតិ និងជរាតែម្យ៉ាង។ ពួកជនណា ដឹងច្បាស់នូវទុក្ខ នូវហេតុនាំឲ្យកើតទុក្ខ នូវព្រះនិព្វាន ជាទីរំលត់ទុក្ខ ឥតសេសសល់ ដោយសព្វគ្រប់ ទាំងដឹងច្បាស់នូវផ្លូវដែលទៅកាន់ទីរម្ងាប់ទុក្ខនោះ ពួកជននោះ បរិបូណ៌ដោយចេតាវិមុត្តិ និងបញ្ញាវិមុត្តិ ពួកជននោះ ទើបគួរនឹងធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃវដ្តទុក្ខបាន ពួកជននោះ មិនចូលទៅកាន់ជាតិ និងជរាឡើយ។
[៧៩] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើគេសួរថា ការពិចារណានូវសភាពនៃធម៌ដែលជាគូនឹងគ្នាដោយប្រពៃ ដោយបរិយាយដទៃទៀត មានដែរឬ អ្នករាល់គ្នាគួរប្រាប់ថា មាន តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះឧបធិជាបច្ច័យ នេះជាអនុបស្សនាទី ១ មួយទៀត ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនសេសសល់នៃពួកឧបធិធម៌ គឺកម្ម នេះជាអនុបស្សនា ទី ២
ID: 636865603963001647
ទៅកាន់ទំព័រ៖