ព្រះត្រៃបិដក ភាគ ៥៤
ភិក្ខុដឹងនូវទោសនុ៎ះថា ទុក្ខ (កើតឡើង) ព្រោះសេចក្តីញាប់ញ័រជាបច្ច័យ ព្រោះហេតុនោះ ភិក្ខុគប្បីលះបង់តណ្ហា រំលត់សង្ខារទាំងឡាយ ជាអ្នកមិនមានតណ្ហា មិនមានឧបាទាន វៀរស្រឡះចាកសេចក្តីញាប់ញ័រនោះ។
[៩០] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) សភាពញ័ររន្ធត់ តែងមានដល់បុគ្គលដែលអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) នេះជាអនុបស្សនា ទី ១ បុគ្គលដែលមិនអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) រមែងមិនរន្ធត់ឡើយ នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នាដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
បុគ្គលមិនអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) រមែងមិនរន្ធត់ បុគ្គលអ្នកអាស្រ័យនូវការប្រកាន់ រមែងមិនប្រព្រឹត្តកន្លងនូវការអន្ទោលទៅកាន់អត្តភាពនេះ និងអត្តភាពដទៃ។ ភិក្ខុដឹងនូវទោសនុ៎ះថា ជាភ័យធំ ព្រោះការអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) គប្បីជាបុគ្គលមិនអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) មិនមានឧបាទាន មានសតិវៀរស្រឡះ។
ID: 636865606829765616
ទៅកាន់ទំព័រ៖