ព្រះត្រៃបិដក ភាគ ៥៤
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូគ្នា ដោយប្រពៃយ៉ាងនេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បណ្តាផលទាំងពីរ ផលណាមួយ នឹងកើតប្រាកដ គឺនឹងបាននូវអរហត្តផល ក្នុងបច្ចុប្បន្ន ឬមួយបើខន្ធដ៏សេសដែលគប្បីកើតតទៅទៀតនៅមាន នឹងបានដល់នូវអនាគាមិផល។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់ពាក្យនេះហើយ ទើបទ្រង់ត្រាស់គាថាព័ន្ធ តទៅទៀតថា
រូប សំឡេង ក្លិន រស ផស្សៈ ធម្មារម្មណ៍ទាំងអស់ ជាទីប្រាថ្នា ជាទីស្រឡាញ់ និងជាទីពេញចិត្ត លោកពោលថា មាននៅដរាបណា អារម្មណ៍ទាំងនុ៎ះ សត្វលោក ព្រមទាំងទេវលោក សន្មតថា ជាសុខ (ដរាបនោះ) អារម្មណ៍ទាំងនោះ តែងរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ពួកសត្វលោកទាំងនោះ សន្មតថា ជាទុក្ខវិញ។ ការរលត់នូវសក្កាយ គឺខន្ធទាំង ៥ ព្រះអរិយៈទាំងឡាយ ឃើញថា ជាសុខពិត ការឃើញ (របស់ព្រះអរិយៈ) អ្នកយល់នេះ ជាទំនាស់នឹងសត្វលោកទាំងពួង។
ID: 636865607852094090
ទៅកាន់ទំព័រ៖