ព្រះត្រៃបិដក ភាគ ៥៤

​ព្រោះហេតុនោះ​ ​សត្វ​គប្បី​សិក្សា​ក្នុង​សាសនា​នេះ​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​នូវ​កម្ម​នីមួយ​ ​ថា​ជា​កម្ម​មិន​រាបទាប​ក្នុង​លោក​ ​មិន​គប្បី​ប្រព្រឹត្ត​ធម៌​មិន​រាបទាប​ ​ព្រោះ​ហេតុ​នៃ​កម្ម​នោះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​ពោល​នូវ​ជីវិត​នោះ​ ​ថា​ជា​របស់​មាន​ប្រមាណ​តិច​។​ ​តថាគត​ឃើញ​នូវ​ពពួកសត្វ​នេះ​ ​ដែល​កំពុង​អន្ទះអន្ទែង​ក្នុង​លោក​ ​លុះ​ក្នុង​អំណាច​តណ្ហា​ក្នុង​ភព​ទាំងឡាយ​ ​ពួក​ជន​អ្នក​ថោកថយ​ ​មិន​ប្រាសចាក​តណ្ហា​ ​ក្នុង​ភព​តូច​ភព​ធំ​ទាំងឡាយ​ ​រមែង​ខ្សឹកខ្សួល​ក្នុង​មាត់​នៃ​មច្ចុ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​ពួក​សត្វ​កំពុង​អន្ទះអន្ទែង​ ​ក្នុង​វត្ថុជា​កំណាន់​ ​ដូចជា​មច្ឆាជាតិ​ដែល​កំពុង​អន្ទះអន្ទែង​ ​ក្នុង​ទី​មាន​ទឹក​តិច​ ​មាន​ខ្សែទឹក​រីង​អស់ហើយ​ ​អ្នកប្រាជ្ញ​មិន​មាន​សេចក្តី​ប្រកាន់​ ​លុះ​ឃើញ​ទោស​នុ៎ះហើយ​ ​មិន​គប្បី​សន្សំ​នូវ​តណ្ហា​គ្រឿង​ជាប់​ចំពាក់​ក្នុង​ភព​ ​ហើយ​ត្រាច់​ទៅ​។​ ​អ្នកប្រាជ្ញ​កំណត់​ដឹង​នូវ​ផស្សៈ​ ​ហើយ​លះបង់​នូវ​ឆន្ទ​រាគៈ​ក្នុង​ផស្សៈ​ទាំងពីរ​ប្រការ​ ​គឺ​ផស្សៈ​ដែល​កើត​ហើយ​ ​និង​ហេតុ​ដែល​នាំឲ្យកើត​ផស្សៈ​ដ៏​លាមក​ ​មិន​ជាប់​ចំពាក់​ ​(​ក្នុង​ផស្សៈ​ទាំងនោះ​)​ ​អ្នកប្រាជ្ញ​មិន​តិះដៀល​អាត្មាឯង​ ​ដោយ​កម្ម​ណា​ ​មិន​ធ្វើ​នូវ​កម្ម​នោះ​ ​មិន​ជាប់​នៅក្នុង​អារម្មណ៍​ដែល​បានឃើញ​បានឮ​។​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636865609360120344
ទៅកាន់ទំព័រ៖