ព្រះត្រៃបិដក ភាគ ៥៤
ជាសត្វជាប់ល្អិតក្នុងកាមសញ្ញាហើយ តែងទៅគប់រកគ្រូខ្ពស់ និងទាប អ្នកប្រាជ្ញ មានបញ្ញាក្រាស់ដូចផែនដី ត្រាស់ដឹងនូវសច្ចធម៌ដោយវេទ គឺមគ្គញ្ញាណទាំង ៤ មិនបានទៅគប់រកគ្រូខ្ពស់ និងទាបឡើយ។ អ្នកប្រាជ្ញនោះ កំចាត់បង់មារសេនាហើយ ឋិតនៅនឹងនួន ក្នុងអារម្មណ៍ទាំងពួង ទោះអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ណាមួយក្តី (អ្នកណាមួយ) គប្បីកំណត់នូវអ្នកប្រាជ្ញ អ្នកឃើញ (ដ៏បរិសុទ្ធ) មានគ្រឿងប្រក់ គឺកិលេសបើកហើយនោះឯង ដោយគ្រឿងកំណត់ណា ក្នុងលោកបាន។ អ្នកប្រាជ្ញទាំងឡាយបែបនោះ មិនកំណត់ មិនធ្វើតណ្ហា និងទិដ្ឋិ ឲ្យជាប្រធាន ទាំងមិនពោលសរសើរនូវទិដ្ឋិ ថាជារបស់ស្អាតម៉ត់ចត់ទេ តែងផ្តាច់ចោលនូវចំណង គឺសេចក្តីប្រកាន់ ដែលចងក្នុងចិត្តសន្តានរបស់ខ្លួន តែងមិនធ្វើសេចក្តីប្រាថ្នា ក្នុងសន្តានឯណានីមួយ ក្នុងលោកទេ។ (អ្នកប្រាជ្ញនោះ) ប្រព្រឹត្តកន្លងនូវខេត្រដែន (កិលេស) បន្សាត់បង់បាប លោកមិនមានសេចក្តីប្រកាន់ ព្រោះជ្រាប ព្រោះឃើញទេ
ID: 636865610674125501
ទៅកាន់ទំព័រ៖