ព្រះត្រៃបិដក ភាគ ៥៤
លោកមិនត្រេកអរក្នុងកាមរាគៈ មិនរីករាយក្នុងរូបភព និងអរូបភព អ្នកប្រាជ្ញនោះ មិនមានសេចក្តីប្រកាន់ថា នេះជារបស់ប្រសើរក្នុងលោកនេះឡើយ។
ចប់ សុទ្ធដ្ឋកសូត្រ ទី៤។
បរមដ្ឋសូត្រ ទី៥
[៩៩] សត្វនៅត្រាំក្នុងទិដ្ឋិទាំងឡាយថា នេះប្រសើរ តែងលើក (គោរព) គ្រូណាថា វិសេសផុតក្នុងលោក បានពោលបង្អាប់ពួកគ្រូទាំងអស់ដទៃអំពីគ្រូខ្លួននោះថា ថោកទាប ព្រោះហេតុនោះ បានជាសត្វប្រព្រឹត្តកន្លងនូវវិវាទទាំងឡាយមិនរួច។ សត្វឃើញនូវអានិសង្សណាក្នុងខ្លួន ត្រង់អារម្មណ៍ដែលបានឃើញ បានឮ បានប៉ះពាល់ ឬត្រង់សីល និងវ័ត សត្វនោះ ប្រកាន់ភ្ជាប់នូវអានិសង្សនោះ ក្នុងសក្កាយទិដ្ឋិនោះ ហើយឃើញនូវគ្រូដទៃទាំងអស់ថា ថោកថយ។ សត្វអាស្រ័យគ្រូរបស់ខ្លួន ហើយឃើញគ្រូដទៃថា ថោកថយ អ្នកប្រាជ្ញទាំងឡាយ ពោលនូវការឃើញនោះ ថាជាចំណងពិត ព្រោះហេតុនោះ ភិក្ខុមិនគប្បីអាស្រ័យអារម្មណ៍ ដែលបានឃើញ បានឮ បានប៉ះពាល់ ឬសីល និងវ័តឡើយ។
ID: 636865610973722637
ទៅកាន់ទំព័រ៖