ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលណា គប្បីកំណត់នូវខីណាសវព្រាហ្មណ៍នោះ អ្នកមិនប្រកាន់នូវទិដ្ឋិដោយសេចក្តីកំណត់ដូចម្តេច ក្នុងលោកនេះបាន។ ព្រះខីណាស្រពទាំងឡាយ មិនកំណត់ មិនធ្វើតណ្ហា និងទិដ្ឋិ ឲ្យជាប្រធានទេ ធម៌ទាំងឡាយ គឺទិដ្ឋិមិនបិទបាំង (បញ្ញា) របស់ព្រះខីណាស្រពទាំងអម្បាលនោះបានឡើយ ព្រះខីណាសវព្រាហ្មណ៍ មិនប្រព្រឹត្តទៅតាមសីល និងវ័ត (ដទៃ) ទេ បានដល់ត្រើយ គឺព្រះនិព្វាន មានសភាពជាតាទិបុគ្គល មិនត្រឡប់មកកាន់ភព (ថ្មី) ទៀតឡើយ។
ចប់ បរមដ្ឋកសូត្រ ទី៥។
ជរាសូត្រ ទី៦
[១០០] ជីវិតនេះ មានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី ១០០ ឆ្នាំ ប្រសិនបើរស់ហួសពី ១០០ ឆ្នាំ សត្វនោះ នឹងស្លាប់ដោយជរាជាប្រាកដ។ ជនទាំងឡាយតែងសោក ព្រោះវត្ថុដែលប្រកាន់ថា របស់យើង សេចក្តីប្រកាន់ជារបស់ទៀងទាត់មិនមានឡើយ ជីវិតនេះ មានការព្រាត់ប្រាសចាករបស់ដែលមានជាធម្មតា អ្នកប្រាជ្ញលុះឃើញដូច្នេះហើយ រមែងមិននៅគ្រប់គ្រងផ្ទះឡើយ។
ID: 636865611641690843
ទៅកាន់ទំព័រ៖