ព្រះត្រៃបិដក ភាគ ៥៤
បុរសសំគាល់របស់ណាថា នេះជារបស់អញ រមែងលះរបស់នោះដោយមរណៈ ឯអ្នកប្រាជ្ញរាប់អានព្រះរតនត្រ័យ ជ្រាបច្បាស់នូវទោសនុ៎ះ ហើយមិនបង្អោន (ចិត្ត) ទៅដើម្បីសេចក្តីប្រកាន់ថា របស់យើងឡើយ។ បុរសអ្នកភ្ញាក់ (ពីដេក) រមែងមិនឃើញរូបារម្មណ៍ជាដើម ដែលមកជួបប្រទះ ដោយយល់សប្តិ យ៉ាងណាមិញ បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើកាលកិរិយាទៅកាន់លោកខាងមុខ ក៏យ៉ាងនោះដែរ។ ជនទាំងនោះ ដែលគេឃើញហើយ ឮហើយ គេតែងហៅឈ្មោះ កាលលះលោកនេះទៅ នៅសល់តែឈ្មោះសម្រាប់ហៅប៉ុណ្ណោះ។ ពួកសត្វមានសេចក្តីលោភ តែងមិនលះបង់នូវសេចក្តីសោកខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលជាទីរាប់អានបានឡើយ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ដែលឃើញព្រះនិព្វាន ថាជាទីក្សេមហើយ រមែងលះបង់សេចក្តីប្រកាន់បាន។ ភិក្ខុណាមិនសំដែងខ្លួនក្នុងភព (ថ្មីទៀត) អ្នកប្រាជ្ញទាំងឡាយ ហៅអំពើនោះ របស់ភិក្ខុនោះ អ្នកប្រព្រឹត្តរួញរា អ្នកភប់ប្រសព្វអាសនៈស្ងាត់ ថាជាសភាពសមរម្យហើយ។
ID: 636865611843352377
ទៅកាន់ទំព័រ៖