ព្រះត្រៃបិដក ភាគ ៥៤
ឬបុគ្គលនោះ នឹងនិយាយទទឹងទាស់ថា (ពាក្យខ្ញុំពិត ពាក្យអ្នកឯង)មិនពិត ដូច្នេះ ជាមួយនឹងបុគ្គលណាបាន មួយទៀត សេចក្តីសំគាល់ថា ស្មើ ឬមិនស្មើ មិនមានក្នុងបុគ្គលណា បុគ្គលនោះ នឹងផ្សាយវាទៈជាមួយអ្នកណាបាន។ អ្នកប្រាជ្ញបានលះបង់ឱកៈ
(១) ហើយ ជាអ្នកមិនរឭកនូវអារម្មណ៍ជាគ្រឿងកំណត់ មិនធ្វើសេចក្តីស្និទ្ធស្នាល (នឹងគ្រហស្ថ) ក្នុងស្រុក ជាអ្នកវៀរចាកកាមទាំងឡាយ មិនធ្វើអត្តភាពឲ្យកើតតទៅទៀត អ្នកប្រាជ្ញនោះ មិនគប្បីធ្វើពាក្យពោលជំទាស់នឹងជន (ណា) ឡើយ។ បុគ្គលប្រសើរ ជាអ្នកស្ងប់ស្ងាត់ចាកបាបធម៌ (មានការយល់ខុសជាដើម) ណា ហើយត្រាច់ទៅក្នុងលោក មិនគប្បីលើកឡើងនូវបាបធម៌ទាំងនោះមក ហើយនិយាយជជែកទេ ផ្កាឈូកដុះនៅក្នុងទឹក មិនប្រឡាក់ដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ អ្នកប្រាជ្ញជាអ្នកពោលនូវសេចក្តីស្ងប់ មានសន្តានមិនជាប់ចំពាក់ រមែងជាអ្នកមិនជក់ជាប់នៅក្នុងកាមផង ក្នុងលោកផង យ៉ាងនោះឯង។
(១) ឱកៈ សព្ទនេះ សំដៅយករូប និងវត្ថុជាដើម ដែលជាកន្លែងសម្រាប់វិញ្ញាណជ្រក។ អដ្ឋកថា។
ID: 636865614651833013
ទៅកាន់ទំព័រ៖