ព្រះត្រៃបិដក ភាគ ៥៤
ជាបុគ្គលមានឧបេក្ខា មានស្មារតីសព្វពេល មិនសំគាល់ថា ស្មើនឹងគេក្នុងលោក មិនលើកខ្លួនថា វិសេសជាងគេ មិនដាក់ខ្លួនថាថោកទាបជាងគេ កិលេសគ្រឿងពុះពោរ មិនមានដល់បុគ្គលនោះឡើយ។ បុគ្គលណា មិនមាននិស្សយធម៌ គឺតណ្ហា និងទិដ្ឋិក្តី បុគ្គលណា ដឹងនូវធម៌ ហើយមិនអាស្រ័យនូវតណ្ហា និងទិដ្ឋិក្តី បុគ្គលមិនមានតណ្ហាក្នុងសេចក្តីចំរើន និងសេចក្តីវិនាស
(១) តថាគតហៅបុគ្គលអ្នកមិនអាឡោះអាល័យក្នុងកាមទាំងឡាយនោះ ថាជាអ្នកស្ងប់រម្ងាប់ កិលេសគ្រឿងចាក់ស្រែះរបស់បុគ្គលនោះ មិនមាន បុគ្គលនោះ បានឆ្លងនូវតណ្ហាដែលផ្សាយទៅហើយ។ កូនទាំងឡាយ សត្វចិញ្ចឹមទាំងឡាយ និងស្រែចម្ការ ទីលំនៅរបស់បុគ្គលនោះ មិនមានឡើយ សេចក្តីប្រកាន់ថា ជារបស់ខ្លួន គឺសស្សតទិដ្ឋិក្តី សេចក្តីប្រកាន់ថា មិនមែនជារបស់ខ្លួន គឺឧច្ឆេទទិដ្ឋិក្តី មិនមានក្នុងបុគ្គលនោះទេ។ ពួកទេវតា និងមនុស្ស ជាបុថុជ្ជន ឬពួកសមណព្រាហ្មណ៍ គប្បីពោលទោសចំពោះបុគ្គលនោះ ដោយកិលេស មានរាគៈជាដើមណា កិលេស មានរាគៈជាដើមនោះ បុគ្គលនោះ មិនធ្វើឲ្យជាប្រធានឡើយ ព្រោះហេតុនោះ បុគ្គលមិនញាប់ញ័រ ព្រោះពាក្យពោលទាំងឡាយឡើយ។
(១) សស្សតៈ ប្រព្រឹត្តទៅក្នុងរូបភព, ឧច្ឆេទ ប្រព្រឹត្តទៅក្នុងអរូបភព។ អដ្ឋកថា។
ID: 636865615460369258
ទៅកាន់ទំព័រ៖