ព្រះត្រៃបិដក ភាគ ៥៤
មួយទៀត វិនិច្ឆ័យ (ការចូលចិត្តក្នុងតណ្ហា និងទិដ្ឋិ) កើតមកអំពីអ្វី ការក្រេវក្រោធ ការនិយាយមោសា និងសេចក្តីសង្ស័យ ឬអកុសលធម៌ទាំងឡាយ ដែល (ប្រកបដោយការក្រេវក្រោធជាដើម) តើព្រះសមណៈសំដែងហើយថា កើតអំពីអ្វី។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញទាំងឡាយ ក្នុងលោក បានសំដែងហើយនូវអារម្មណ៍ណាថា ជាទីត្រេកអរ
(១) និងមិនជាទីត្រេកអរ
(២) ឆន្ទៈតែងកើតឡើង ព្រោះអាស្រ័យអារម្មណ៍នោះ សត្វក្នុងលោក ឃើញសេចក្តីវិនាស និងសេចក្តីចំរើន ក្នុងរូបទាំងឡាយ ទើបធ្វើនូវវិនិច្ឆ័យ (ក្នុងតណ្ហា និងទិដ្ឋិ)។ ការក្រេវក្រោធ ការពោលពាក្យមោសា សេចក្តីសង្ស័យ ធម៌ទាំង ៣ នេះឯង កាលបើអារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរទាំង ២ ប្រការនោះ នៅមាន ទើបកើតមានឡើងបាន បុគ្គលអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាក្នុងគន្លងនៃការដឹង ឯធម៌ទាំងឡាយ ព្រះសមណៈសំដែងហើយ ព្រោះដឹង។
(១) បានដល់សុខវេទនា និងវត្ថុដែលគួរប្រាថ្នា។ (២) បានដល់ទុក្ខវេទនា និងវត្ថុដែលមិនគួរប្រាថ្នា។ អដ្ឋកថា។
ID: 636865616445235590
ទៅកាន់ទំព័រ៖