ព្រះត្រៃបិដក ភាគ ៥៤
ចំណែកសមណព្រាហ្មណ៍ពួកដទៃ តិះដៀលទិដ្ឋិនោះ ថាជារបស់ទទេ កុហកវិញ លុះសមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ផ្សេង ៗ យ៉ាងនេះហើយ ក៏ទាស់ទែងគ្នា ចុះសមណព្រាហ្មណ៍ទាំងឡាយ មិននិយាយមូលមាត់គ្នាតែបែបមួយ តើព្រោះហេតុអ្វី។ (ព្រះសម្ពុទ្ធ ត្រាស់ថា) ព្រោះថា បុគ្គលកាលដឹងច្បាស់ក្នុងសច្ចៈណា ទើបមិនទាស់ទែងគ្នា ឯសច្ចៈនោះ មានតែមួយ មិនមែនមានពីរឡើយ ប៉ុន្តែជនទាំងឡាយ តែងសរសើរសច្ចៈរបស់ខ្លួនផ្សេង ៗ គ្នា ហេតុនោះ បានជាពួកសមណព្រាហ្មណ៍ មិននិយាយមូលមាត់គ្នាតែបែបមួយ។ (ព្រះពុទ្ធនិមិ្មតសួរថា) ព្រោះហេតុអ្វីហ្ន៎ បានជាសមណព្រាហ្មណ៍ទាំងឡាយ ដែលពោលលើកខ្លួនថា ជាអ្នកឆ្លៀវឆ្លាស ជាអ្នកពោលតាមបំណងរបស់ខ្លួន តែងពោលសច្ចៈផ្សេង ៗ គ្នា ចុះសមណព្រាហ្មណ៍ទាំងនោះ បានឮមកថា សច្ចៈមានច្រើនផ្សេង ៗ គ្នាឬ ឬក៏សមណព្រាហ្មណ៍ទាំងនោះ នឹករកដោយសេចក្តីត្រិះរិះរបស់ខ្លួនទេ។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) សច្ចៈទាំងឡាយច្រើនផ្សេង ៗ គ្នាក្នុងលោក មិនមានទេ លើកលែងតែសេចក្តីប្រកាន់ថា ទៀងដោយសញ្ញាចេញ គឺមានតែបរមត្ថសច្ចៈមួយប៉ុណ្ណោះ
ID: 636865618130261968
ទៅកាន់ទំព័រ៖