ព្រះត្រៃបិដក ភាគ ៥៤
(ព្រះពុទ្ធនិមិ្មតសួរថា) សមណព្រាហ្មណ៍ពួកមួយ បាននិយាយធម៌ណា ថាជាធម៌ដ៏ឧត្តម សមណព្រាហ្មណ៍ពួកឯទៀត បាននិយាយធម៌នោះ ថាជាធម៌ថោកទាបវិញ ចុះពាក្យរបស់សមណព្រាហ្មណ៍ទាំងពីរពួក តើពាក្យណា ជាពាក្យពិតត្រង់ ព្រោះសមណព្រាហ្មណ៍ទាំងអស់នេះ តែងពោលលើកខ្លួនថា ជាអ្នកឈ្លាស។ (ព្រះសម្ពុទ្ធ ត្រាស់ថា) សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌របស់ខ្លួនថា ជាធម៌បរិបូណ៌ (ល្អពេញទី) ពោលធម៌របស់ជនដទៃ ថាជាធម៌ថោកទាប សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះ រមែងបង្កជម្លោះ ឲ្យកើតឡើង បានសរសើរទិដ្ឋិរបស់ខ្លួន ៗ ថា ជាធម៌ពិត។ បើបុគ្គលនោះ នឹងទៅជាអ្នកថោកទាប ព្រោះដំនៀលរបស់បុគ្គលដទៃ មិនមានអ្នកណាមួយ ដែលវិសេសក្នុងធម៌ទាំងឡាយបានទេ ព្រោះថា បុគ្គលច្រើននាក់ ជាអ្នកប្រកាន់មាំក្នុងធម៌របស់ខ្លួន តែងតិះដៀលធម៌របស់ជនដទៃ ថាជាធម៌ថោកទាប។ ជនទាំងឡាយ តែងសរសើរនូវផ្លូវជាគ្រឿងប្រព្រឹត្តទៅនៃសេចក្តីប្រតិបត្តិ គឺធម៌របស់ខ្លួន យ៉ាងណា ការបូជាធម៌របស់ខ្លួន ក៏យ៉ាងនោះ
ID: 636865619317629881
ទៅកាន់ទំព័រ៖