ព្រះត្រៃបិដក ភាគ ៥៤
(ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា) ភិក្ខុគប្បីបិទនូវឫសនៃបបញ្ចសង្ខារ (ធម៌ជាគ្រឿងធ្វើសត្វឲ្យយឺតយូរ គឺតណ្ហាទិដ្ឋិ) ផង នូវអស្មិមានះទាំងពួងផង ដោយបា្រជ្ញា តណ្ហាទាំងឡាយណាមួយ មានខាងក្នុងសន្តានសត្វ ភិក្ខុជាអ្នកមានស្មារតីគ្រប់ពេល គប្បីសិក្សាដើម្បីកំចាត់បង់តណ្ហាទាំងនោះចេញ។ ភិក្ខុគប្បីដឹងនូវគុណធម៌ណាមួយ ជាខាងក្នុង ឬខាងក្រៅ មិនគប្បីធ្វើនូវកម្លាំង (ការលើកដំកើង) ដោយគុណធម៌នោះ ព្រោះការរំលត់នោះ សប្បុរសទាំងឡាយ មិនបានប្រកាសឡើយ។ ភិក្ខុមិនគប្បីសំគាល់ថា អញជាបុគ្គលប្រសើរជាងគេ អញជាបុគ្គលថោកទាបជាងគេ ឬថាជាបុគ្គលស្មើ ៗ នឹងគេ ដោយសារគុណធម៌នោះឡើយ ភិក្ខុប្រកបដោយគុណធម៌ មានសភាពច្រើនយ៉ាង មិនគប្បីតាំងខ្លួន ដំកើងខ្លួនទេ។ ភិក្ខុគប្បីរម្ងាប់ (រាគាទិកិ្កលេស) ក្នុងសន្តាន ភិក្ខុមិនគប្បីស្វែងរកសេចក្តីស្ងប់ ដោយឧបាយដទៃទេ
ID: 636865620132736503
ទៅកាន់ទំព័រ៖