ព្រះត្រៃបិដក ភាគ ៥៤

តពីនោះមក​ ​តថាគត​បានឃើញ​សរ​ ​ដែលគេ​ឃើញ​បាន​ដោយ​កម្រ​ ​អាស្រ័យ​នៅក្នុង​ហ្ឫទ័យ​ ​ក្នុង​សត្វ​ទាំងឡាយ​នោះ​។​ ​សត្វលោក​ដែល​សរ​ដោត​ជាប់​ហើយ​ ​រមែង​ស្ទុះ​ទៅកាន់​ទិស​ផ្សេង​ ​ៗ​ ​បុគ្គល​ជា​បណ្ឌិត​ ​ដក​សរ​នោះ​បាន​ ​ទើប​មិន​ស្ទុះ​ទៅ​ ​មិន​លិច​ចុះ​។​ ​(​អារម្មណ៍​ជាទីស្រឡាញ់​ ​គឺ​បញ្ចកាមគុណ​ណា​ ​មាន​ក្នុង​លោក​)​ ​ប្រជុំជន​ ​តែង​សំដែង​នូវ​ភាសិត​ ​ជា​គ្រឿង​សិក្សា​ ​(​មានការ​សិក្សា​ដំរី​ជាដើម​)​ ​ដើម្បីឲ្យ​បាន​អារម្មណ៍​ជាទីស្រឡាញ់​នោះ​ ​បណ្ឌិត​មិន​គួរ​ខ្វល់ខ្វាយ​ ​ក្នុង​បញ្ចកាមគុណ​ ​ឬ​ក្នុង​កិច្ចសិក្សា​នោះ​ឡើយ​ ​គប្បី​នឿយណាយ​ក្នុង​កាមារម្មណ៍​ ​ដោយ​ប្រការ​ទាំងពួង​ ​គប្បី​សិក្សា​នូវ​ព្រះនិព្វាន​បម្រុង​ខ្លួន​។​ ​បុគ្គល​ជា​អ្នកប្រាជ្ញ​ ​គប្បី​ជា​អ្នកមាន​សច្ចៈ​(​១​)​ ​ជា​បុគ្គល​មិន​ឃ្នើសឃ្នង​ ​មិន​មាន​មាយា​ ​លះបង់​ពាក្យ​ញុះញង់​ ​មិន​ក្រេវក្រោធ​ ​ឆ្លង​ឲ្យ​រួច​នូវ​លោភៈ​ដ៏​លាមក​ ​និង​មច្ឆរិយ​។​ ​នរជន​ ​មានចិត្ត​ឱន​ទៅ​រក​ព្រះនិព្វាន​ ​គប្បី​គ្រប​សង្កត់​នូវ​ការ​ដេកលក់​ ​សេចក្តី​ខ្ជិលច្រអូស​ ​ការ​រួញរា​ ​មិន​គប្បី​ដំអក់​នៅ​ដោយ​សេចក្តី​ប្រហែសធ្វេស​ ​មិន​គប្បី​តាំងខ្លួន​ក្នុង​មានះ​ដ៏​ក្រៃលែង​។
​(​១​)​ ​សច្ចៈ​ ​៣យ៉ាងគឺ​ ​វាចា​សច្ចៈ​ ​ញាណ​សច្ចៈ​ ​មគ្គ​សច្ចៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636865621579859273
ទៅកាន់ទំព័រ៖