ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលអ្នកបង្អោនចិត្តទៅរកព្រះនិព្វាន មិនគប្បីដឹកនាំ ក្នុងពាក្យមុសាវាទ មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប ត្រូវកំណត់ដឹងនូវមានះ ហើយគប្បីវៀរចេញចាកអំពើដ៏រួសរាន់។ មិនគប្បីស្រើបស្រាលទៅរកបញ្ចក្ខន្ធ ដែលជារបស់ចាស់ គឺជាអតីត មិនគប្បីធ្វើសេចក្តីពេញចិត្តនឹងបញ្ចក្ខន្ធ ដែលជារបស់ថ្មី គឺជាបច្ចុប្បន្ន មិនត្រូវសោកស្តាយនឹងបញ្ចក្ខន្ធ ដែលសាបរលាបទៅហើយ មិនត្រូវជាប់ស្អិតនៅក្នុងតណ្ហា។ តថាគតពោលនូវសេចក្តីជាប់ចិត្ត គឺតណ្ហា ថាជាអន្លង់ធំ តថាគតពោលនូវសេចក្តីជក់ចិត្ត គឺតណ្ហា ថាជាគ្រឿងលឿនទៅនៃចិត្ត ថាជាគ្រឿងជាប់ញ៉ាមនៅនៃចិត្ត ថាជាអារម្មណ៍នៃចិត្ត ថាជាគ្រឿងត្រិះរិះ (ព្រោះ) កាមតណ្ហា ដូចជាភក់ សត្វទាំងឡាយ អាចឆ្លងបានដោយលំបាក។ អ្នកបា្រជ្ញ ជាព្រាហ្មណ៍ មិនគេចចេញចាកសច្ចៈ រមែងតាំងនៅលើទីទួល គឺព្រះនិព្វាន តថាគតហៅបុគ្គលនោះថា ជាអ្នកស្ងប់ ព្រោះលះអាយតនៈទាំងអស់។ បុគ្គលនោះ ជាអ្នកបា្រជ្ញ បុគ្គលនោះ ជាអ្នកដល់នូវវេទ ជាបុគ្គលដែលតណ្ហា និងទិដ្ឋិ មិនអាស្រ័យនៅហើយ ព្រោះឃើញសង្ខារធម៌ (ថាជារបស់មិនទៀង ជាទុក្ខ មិនមែនខ្លួន)
ID: 636865621751319080
ទៅកាន់ទំព័រ៖