ព្រះត្រៃបិដក ភាគ ៥៤

​បុគ្គល​នោះ​ ​រមែង​ប្រព្រឹត្ត​នៅក្នុង​លោក​ដោយ​ប្រពៃ​ ​មិន​ជាប់ចិត្ត​នឹង​បុគ្គល​ណាមួយ​ឡើយ​។​ ​បុគ្គល​ណា​ ​បាន​ឆ្លងផុត​នូវ​កាម​ផង​ ​នូវ​កិលេស​គ្រឿង​ជាប់​ ​ដែល​ឆ្លង​បាន​ដោយ​កម្រ​ ​ក្នុង​លោក​ផង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​កាត់​ខ្សែ​តណ្ហា​ ​មិន​មាន​ចំណង​ ​រមែង​មិន​សោក​ ​មិន​សុបសៅ​។​ ​កិលេសជាត​ណា​ ​កើតឡើង​ ​(​ព្រោះ​ប្រារព្ធ​)​ ​សង្ខារ​ជា​អតីត​ ​អ្នក​ចូរ​ធ្វើ​កិលេស​នោះ​ ​ឲ្យ​រីងស្ងួត​ទៅ​ ​កិលេស​គ្រឿង​កង្វល់​ ​(​មាន​រាគៈ​ជាដើម​ ​កើតឡើង​ព្រោះ​ប្រារព្ធ​)​ ​សង្ខារ​ដែល​នឹង​មាន​ទៅ​ខាងក្រោយ​ ​ចូរ​កុំ​មានដល់​អ្នក​ឡើយ​ ​បើ​អ្នក​មិន​ប្រកាន់​ក្នុង​ធម៌​ជា​កណ្តាល​ ​(​មាន​រូប​ជាដើម​ ​ដែល​ជា​បច្ចុប្បន្ន​)​ ​អ្នក​នឹង​ទៅជា​បុគ្គល​ស្ងប់​។​ ​បុគ្គល​ណា​ ​មិន​មាន​សេចក្តី​ប្រកាន់​ក្នុងនាម​ ​និង​រូប​ ​ថា​ជា​របស់​អញ​ ​សព្វកន្លែង​ទេ​ ​បុគ្គល​នោះ​ឯង​ ​រមែង​មិន​សោក​ ​ព្រោះ​នាមរូប​ដែល​មិន​មាន​ផង​ ​មិន​ទ្រុឌទ្រោម​ទៅ​ក្នុង​លោក​ផង​។​ ​កង្វល់​ថា​ ​នេះ​របស់​អញ​ ​នុ៎ះ​ជា​របស់​ជន​ដទៃ​ ​មិន​មានដល់​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​កាល​មិនបាន​នូវ​វត្ថុ​ដែល​ប្រកាន់​ថា​ ​របស់​អញ​ ​រមែង​មិន​សោក​ថា​ ​អញ​គ្មាន​ដូច្នេះ​ឡើយ​។​ ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636865621981522247
ទៅកាន់ទំព័រ៖