ព្រះត្រៃបិដក ភាគ ៥៤
ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលពាក្យកុហក គប្បីផ្សាយមេត្តាចិត្ត ចំពោះពួកសត្វ ដែលមានចិត្តតក់ស្លុត និងមានចិត្តរឹងប៉ឹង គឺពួកសត្វ ដែលមានចិត្តប្រកបដោយតណ្ហា និងប្រាសចាកតណ្ហា ក្នុងកាលណា ភិក្ខុបើដឹងនូវភាពនៃចិត្តកករល្អក់ ក្នុងកាលនោះ គប្បីបន្ទោបង់នូវភាពនៃចិត្តកករល្អក់នោះចេញ ដោយគិតថា នោះជាពួកប័ក្ខនៃធម៌ខ្មៅ។ ភិក្ខុមិនគួរលុះអំណាចនៃសេចក្តីក្រោធ និងសេចក្តីប្រកាន់ខ្លួនហួសហេតុ មួយទៀត គប្បីគាស់រំលើងឫសនៃសេចក្តីក្រោធ និងសេចក្តីប្រកាន់ហួសហេតុទាំងនោះចេញ មួយវិញទៀត គប្បីទម្រុឌទម្រោមគ្របសង្កត់សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ឲ្យជ្រះស្រឡះ។ ភិក្ខុអ្នកមានបីតិដ៏ល្អ គប្បីធ្វើបា្រជ្ញាឲ្យប្រព្រឹត្តទៅក្នុងខាងមុខ ហើយគប្បីសង្កត់សង្កិនសេចក្តីអន្តរាយនោះ គប្បីអត់សង្កត់សេចក្តីមិនត្រេកអរ ក្នុងសេនាសនៈស្ងាត់ គប្បីអត់សង្កត់ធម៌ជាទីតាំងនៃសេចក្តីខ្សឹកខ្សួល ៤ យ៉ាង
ID: 636865632985221623
ទៅកាន់ទំព័រ៖