ព្រះត្រៃបិដក ភាគ ៥៤

​ម្នាល​មាណព​ទាំងឡាយ​ ​អ្នករាល់គ្នា​ចូរ​មកនេះ​ ​យើង​នឹង​ប្រាប់​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​ពាក្យ​យើង​ចុះ​ ​ការ​កើតឡើង​ប្រាកដ​រឿយ​ ​ៗ​ ​នៃ​ព្រះសម្ពុទ្ធ​ណា​ ​ដែលគេ​បាន​ដោយ​ក្រ​ក្នុង​លោក​ ​ថ្ងៃនេះ​ ​ព្រះសម្ពុទ្ធ​អង្គ​នោះ​ ​ខ្ញុំ​បានឮ​ប្រាកដហើយ​ថា​ ​ព្រះសម្ពុទ្ធ​កើតឡើង​ហើយ​ក្នុង​លោក​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំគ្នា​ទៅកាន់​ក្រុង​សាវត្ថី​ ​ឲ្យឆាប់​ ​ៗ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះអង្គ​ ​ដែល​ឧត្តម​ជាង​សត្វ​មាន​ជើង​ពីរ​។​ ​ពួក​ព្រាហ្មណ៍​ជា​សិស្ស​សួរ​ថា​ ​បពិត្រ​ព្រាហ្មណ៍​ ​ពួក​យើង​ឃើញ​ហើយ​គប្បី​ស្គាល់​ថា​ ​អ្នកនោះ​ ​ជា​ព្រះពុទ្ធ​បាន​ដោយ​ប្រការ​ដូចម្តេច​ ​សូម​លោក​ប្រាប់​ដល់​យើង​ទាំងឡាយ​ ​ដែល​ជា​អ្នក​មិន​ស្គាល់​ ​ឲ្យ​ទាល់តែ​យើង​ទាំងឡាយ​ ​ស្គាល់​ព្រះអង្គ​។​ ​ពាវ​រី​ព្រាហ្មណ៍​និយាយ​ថា​ ​មហាបុរិសលក្ខណៈ​ទាំង​ ​៣២​ ​ប្រការ​ ​មាន​មក​ក្នុង​មន្ត​ទាំងឡាយ​ ​ដែល​ពួក​ហោរ​បាន​ព្យាករ​បរិបូណ៌​ហើយ​ ​ដោយលំដាប់​។​ ​មហាបុរិសលក្ខណៈ​ទាំងនោះ​ ​មាន​ក្នុង​ខ្លួន​នៃ​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​មាន​គតិ​តែ​ពីរ​គត់​ ​គតិ​ជា​គំរប់​ ​៣​ ​មិន​មាន​ឡើយ​ ​គឺ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​គប្បី​ឈ្នះ​នូវ​ផែនដី​នេះ​ ​ដោយ​មិនបាច់​ប្រើ​អាជ្ញា​ ​មិនបាច់​ប្រើ​គ្រឿងសស្ត្រាវុធ​ទេ​ ​គ្រាន់តែ​ប្រៀនប្រដៅ​ដោយ​ធម៌​ ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636865635051789824
ទៅកាន់ទំព័រ៖