ព្រះត្រៃបិដក ភាគ ៥៤
ព្រះសម្ពុទ្ធ ត្រាស់ថា អ្នកចូរដឹងចុះថា អវិជ្ជា ទុកជាក្បាល វិជ្ជាដែលប្រកបដោយសទ្ធា សតិ សមាធិ ឆន្ទៈ និងវីរិយៈ ទុកជាការធ្លាក់ចុះនៃក្បាល។ លំដាប់នោះ អជិតមាណព ខំទប់ទល់ ដោយសេចក្តីត្រេកអរច្រើន ហើយយកស្បែកខ្លាព័ទ្ធឆៀងស្មាម្ខាង រួចក្រាបសិរ្សៈ ទៀបព្រះបាទទាំងគូ ក្រាបទូលថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គមានចក្ខុ ពាវរីព្រាហ្មណ៍ដ៏ចំរើន ព្រមទាំងពួកសិស្ស មានចិត្តរីករាយ ស្រោះស្រាយ ថ្វាយបង្គំព្រះបាទា (របស់ព្រះអង្គ)។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព សូមឲ្យពាវរីព្រាហ្មណ៍ ព្រមទាំងពួកសិស្ស បានដល់នូវសេចក្តីសុខចុះ ទាំងរូបអ្នកសោត ក៏ចូរជាបុគ្គលដល់នូវសេចក្តីសុខ រស់នៅអស់កាលយូរចុះ។ អ្នកទាំងឡាយ តថាគតបើកឱកាសឲ្យហើយ ចូរសួរនូវសេចក្តីសង្ស័យទាំងអស់ របស់ពាវរីព្រាហ្មណ៍ផង របស់អ្នកផង របស់ពួកជនទាំងអស់ផង ចូរប្រាថ្នាទុកក្នុងចិត្តនូវហេតុណាមួយចុះ។ លុះព្រះសម្ពុទ្ធបើកឱកាសឲ្យហើយ អជិតមាណព អង្គុយប្រណម្យអញ្ជលី សួរប្រស្នាទី ១ នឹងព្រះតថាគត ក្នុងទីនោះឯង។
ចប់ វត្ថុកថា។
ID: 636865636046996746
ទៅកាន់ទំព័រ៖