ព្រះត្រៃបិដក ភាគ ៥៤
ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីជាច្រើនយ៉ាងនេះ បពិត្រព្រះអង្គជាព្រះមុនី បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ បពិត្រព្រះអង្គនិទ៌ុក្ខ កាលបើដូច្នេះ តើនរណាក្នុងទេវលោក ឬមនុស្សលោក ទើបឆ្លងផុតជាតិ និងជរាទៅបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសំដែងប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលនន្ទ) តថាគតមិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ ជរាគ្របសង្កត់ទេ តថាគតពោលថា ពួកសមណព្រាហ្មណ៍ណា ក្នុងលោកនេះ លះអារម្មណ៍ដែលខ្លួនបានឃើញ បានឮ បានប៉ះពាល់ និងសីលវ័ត លះបង់វិធីជាច្រើនទាំងអស់ចេញ ឬពួកសមណព្រាហ្មណ៍ណា កំណត់ដឹងនូវតណ្ហា មិនមានអាសវៈ ពួកជននោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន។
ខ្ញុំព្រះអង្គ ត្រេកអរចំពោះព្រះវាចានុ៎ះរបស់ព្រះអង្គ អ្នកស្វែងរកគុណដ៏ធំ បពិត្រព្រះគោតម ព្រះនិព្វានដែលមិនមានឧបធិ ដែលព្រះអង្គបានសំដែងទុកល្អហើយ
ID: 636865641714180891
ទៅកាន់ទំព័រ៖