ព្រះត្រៃបិដក ភាគ ៥៤
ព្រោះហេតុនោះ ពាក្យថា បារាយនៈ (ការប្រព្រឹត្តិទៅកាន់ត្រើយ) នេះ ជាឈ្មោះនៃធម្មបរិយាយនេះឯង។
[១២៩] (ព្រាហ្មណមាណព ១៦ នាក់ ដែលបានក្រាបទូលសួរបញ្ហា) នុ៎ះគឺមាណពឈ្មោះអជិត ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ ១ កប្បៈ ១ ជតុកណ្ណីមាណពជាបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ ព្រាហ្មណ៍បោសាល ១ មោឃរាជ ជាអ្នកបា្រជ្ញ ១ បិង្គិយៈជាមហាឥសី ១ ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ បានទៅគាល់ព្រះពុទ្ធ ជាអ្នកស្វែងរកនូវគុណ មានចរណៈ គឺធម៌ជាគ្រឿងប្រព្រឹត្តដ៏បរិបូណ៌ បានចូលទៅក្រាបទូលសួរបញ្ហាដ៏ល្អិត ចំពោះព្រះពុទ្ធ ជាបុគ្គលប្រសើរ។ ព្រះពុទ្ធជាព្រះមុនី បានដោះស្រាយនូវបញ្ហាទាំងឡាយ ដែលពួកព្រាហ្មណ៍ទូលសួរ តាមសេចក្តីពិត បានញុំាងពួកព្រាហ្មណ៍ ឲ្យត្រេកអរដោយការដោះស្រាយបញ្ហា។ ពា្រហ្មណ៍ទាំង ១៦ នាក់នោះ កាលបើព្រះពុទ្ធ ជាអាទិច្ចវង្ស មានចក្ខុ គឺបា្រជ្ញាញាណ បានឲ្យត្រេកអរហើយ ក៏បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសាស្តា មានបញ្ញាដ៏ប្រសើរ។
ID: 636865646142924200
ទៅកាន់ទំព័រ៖