ព្រះត្រៃបិដក ភាគ ៥៤
ពួកសត្វដែលមានជីវិត ឥតមានសេសសល់ ទោះសត្វជាអ្នកមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី ជាអ្នកមាំមួន គឺឥតមានតណា្ហក្តី ពួកសត្វដែលមានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី ស្គមក្តី ធាត់ក្តី ពួកសត្វដែលយើងឃើញក្តី មិនឃើញក្តី ពួកសត្វដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី កើតរួចហើយក្តី កំពុងស្វែងរកកំណើតក្តី សូមឲ្យសត្វទាំងអស់ (នោះ) មានខ្លួនដល់នូវសេចក្តីសុខចុះ។ សត្វដទៃ មិនគួរកំហែងបៀតបៀនសត្វដទៃឡើយ មិនគួរមើលងាយគេតិចតួច ក្នុងទីណាមួយឡើយ មិនគួរប្រាថា្ននូវសេចក្តីទុក្ខ ដល់គ្នានឹងគ្នា ដោយសេចក្តីក្រេវក្រោធ ដោយសេចក្តីចង្អៀតចង្អល់ចិត្តឡើយ។ មាតាថ្នមរក្សាបុត្ត ដែលកើតអំពីខ្លួន ជាបុត្តតែមួយ ដោយអាយុ គឺថា សូម្បីជីវិតក៏ហ៊ានលះបង់ ក្នុងការរក្សានូវបុត្តបាន យ៉ាងណាមិញ បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ចំពោះពួកសត្វទាំងពួង ក៏យ៉ាងនោះឯង
ID: 636865494475279307
ទៅកាន់ទំព័រ៖