ព្រះត្រៃបិដក ភាគ ៥៤
អាឡវកសូត្រ ទី១០
[១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅរបស់អាឡវកយក្ស ក្បែរក្រុងអាឡវី។ គ្រានោះឯង អាឡវកយក្ស ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគដូច្នេះថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា នែសមណៈ ចូរចូលមកវិញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏សេ្តចចូលមក។ អាឡវកយក្ស ពោលនឹងព្រះមានព្រះភាគដូច្នេះទៀត ជាគំរប់ ២ ដងថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ រួចក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា នែសមណៈ ចូរចូលមកវិញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចូលមក។ អាឡវកយក្សនោះ ពោលនឹងព្រះមានព្រះភាគ ដូច្នេះទៀត ជាគំរប់ ៣ ដងថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចេញទៅ។
ID: 636865496921129202
ទៅកាន់ទំព័រ៖