ព្រះត្រៃបិដក ភាគ ៥៤
អាឡវកយក្ស ពោលថា នែសមណៈ ចូរចូលមកវិញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏សេ្តចចូលមកវិញ។ អាឡវកយក្ស ពោលនឹងព្រះមានព្រះភាគ ដូច្នេះទៀត ជាគំរប់ ៤ ដងថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ តថាគតនឹងមិនចេញទៅទេ អំពើណាដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើអំពើនោះចុះ។ នែសមណៈខ្ញុំនឹងសួរប្រស្នាចំពោះលោក បើលោកមិនដោះស្រាយឲ្យយើងទេ យើងនឹងធ្វើចិត្តលោកឲ្យរវើរវាយ ឬហែកហ្ឫទ័យរបស់លោក ឬក៏ចាប់ជើងគ្រវែងចោលទៅត្រើយម្ខាងទន្លេគង្គា។ ម្នាលអាវុសោ តថាគតមិនឃើញអ្នកណា ដែលធ្វើចិត្តនៃតថាគតឲ្យរវើរវាយបាន ឬហែកហ្ឫទ័យ ឬក៏ចាប់ជើងគ្រវែងចោលទៅត្រើយម្ខាងទន្លេគង្គា ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសឡើយ ម្នាលអាវុសោ អ្នកប្រាថា្ននឹងសួរយ៉ាងណា ចូរសួរមកចុះ។ គ្រានោះឯង អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
ID: 636865499544749264
ទៅកាន់ទំព័រ៖