ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលបាននូវប្រាជា្ញដោយអ្វី បាននូវទ្រព្យដោយអ្វី ដល់នូវសេចក្តីសរសើរដោយអ្វី ចងនូវមិត្តទាំងឡាយបានដោយអ្វី បុគ្គលចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ហើយមិនសោយសោកក្នុងលោកខាងមុខដោយអ្វី។
បុគ្គលជឿធម៌របស់ព្រះអរហន្ត ស្តាប់ដោយគោរព ជាអ្នកមិនប្រមាទ មានបញ្ញាពិចារណា រមែងបាននូវប្រាជ្ញ
(១) ដើម្បីដល់ព្រះនិព្វាន បុគ្គលមានការងារដ៏សមគួរ មានធុរៈ
(២) មានព្យាយាមប្រឹងប្រែង
(៣) រមែងបាននូវទ្រព្យ បុគ្គលដល់នូវសេចក្តីសរសើរ ដោយសច្ចៈ បុគ្គលកាលឲ្យ រមែងចងនូវមិត្តទាំងឡាយបាន។
ធម៌ទាំង ៤ នេះ គឺសច្ចៈ ១ ធម្មៈ (បញ្ញា) ១ ធីតិ (ព្យាយាម) ១ ចាគៈ (ការបរិច្ចាគ) ១ របស់បុគ្គលណាមានសទ្ធា នៅគ្រប់គ្រងផ្ទះ បុគ្គលនោះឯង រមែងមិនសោយសោក ក្នុងលោកខាងមុខ។
(១) ហេតុឲ្យបានបញ្ញា ៤ យ៉ាងគឺ ១. សទ្ធា, ២. ស្តាប់ដោយគោរព, ៣. អប្បមាទ, ៤. វិចក្ខណៈ ការពិចារណា។ (២) [ព្យាយាមផ្លូវចិត្ត។] (៣) ព្យាយាមផ្លូវកាយ។ អដ្ឋកថា។
ID: 636865507813362202
ទៅកាន់ទំព័រ៖