ព្រះត្រៃបិដក ភាគ ៥៤
ធម្មចរិយសូត្រ ទី៦
[២៨] ព្រះអរិយៈទាំងឡាយ តែងពោលនូវធម្មចរិយៈ
(១) និងព្រហ្មចរិយៈ
(២) នេះ ថាជារតនៈដ៏ឧត្តម ប្រសិនបើបុគ្គលចេញចាកផ្ទះ ទៅបួសក្នុងធម្មវិន័យ។
បើបុគ្គលនោះ ជាអ្នកមានមាត់រឹង ត្រេកអរក្នុងការបៀតបៀន ដូចជាសត្វម្រឹគ ជីវិតរបស់បុគ្គលនោះ ជាជីវិតអាក្រក់ក្រៃលែង បុគ្គលនោះ តែងញ៉ាំងធូលី គឺកិលេស ឲ្យចំរើនឡើងដល់ខ្លួន។
ភិក្ខុអ្នកត្រេកអរក្នុងជម្លោះ ត្រូវមោហធម៌ចាក់ស្រែះហើយ ក៏លែងដឹងធម៌ដែលពួកភិក្ខុបានប្រាប់ហើយផង ដែលព្រះពុទ្ធទ្រង់សំដែងផង ភិក្ខុអ្នកត្រូវអវិជា្ជរួបរឹត ហើយបៀតបៀននូវព្រះខីណាស្រពទាំងឡាយ ដែលជាអ្នកមានខ្លួនអប់រំហើយ រមែងមិនស្គាល់នូវសេចក្តីសៅហ្មង ជាផ្លូវទៅកាន់នរក ហើយចូលទៅកាន់អបាយ ៤ ចេញចាកគភ៌ទៅកាន់គភ៌ ចេញចាកអសុរកាយ ទៅកាន់អសុរកាយ ភិក្ខុនោះ រមែងដល់នូវសេចក្តីទុក្ខក្នុងបរលោក។
(១) បានដល់កាយសុចរិតជាដើម។ ២) បានដល់មគ្គព្រហ្មចារ្យ គឺអដ្ឋង្គិកមគ្គ។
ID: 636865529924936912
ទៅកាន់ទំព័រ៖