ព្រះត្រៃបិដក ភាគ ៥៤
មួយទៀត បុគ្គលដែលមានសភាពយ៉ាងនេះ ជាអ្នកប្រកបដោយកិលេស ដូចទីទួល លាងជំរះបានដោយកម្រ ដូចជារណ្តៅលាមក ពេញប្រៀបអួអាប់រាប់ឆ្នាំ (ដែលគេលាងសម្អាតបានដោយកម្រ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរដឹងនូវបុគ្គល ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មានសេចក្តីត្រិះរិះអាក្រក់ មានអាចារៈ និងគោចរៈអាក្រក់បែបនេះ។ អ្នករាល់គ្នា គប្បីជាអ្នកព្រមព្រៀងគ្នា ចៀសវាងនូវបុគ្គលនោះចេញ ចូរបោះបង់ចោលដូចជាគេបោសសំរាមចោល ចូរទាញចេញនូវបុគ្គលអ្នកប្រព្រឹត្តក្រខ្វក់ តពីនោះទៅ គប្បីបណ្តេញនូវពួកបុគ្គលដែលដូចជាសំដីស្រូវ មិនមែនជាសមណៈ ប្រកាន់ថា ខ្លួនជាសមណៈចេញ។ លុះអ្នកទាំងឡាយ បណ្តេញបុគ្គលអ្នកប្រាថ្នាអាក្រក់ មានអាចារៈ និងគោចរៈអាក្រក់បានហើយ ជាអ្នកបរិសុទ្ធសម្រេចការនៅជាមួយនឹងបុគ្គលបរិសុទ្ធ អ្នកមានសេចក្តីគោរពកោតក្រែងគ្នា តទៅនឹងជាអ្នកព្រមព្រៀងគ្នា មានប្រាជ្ញាចាស់ក្លា ធ្វើនូវទីបំផុតនៃទុក្ខបាន។
ចប់ ធម្មចរិយសូត្រ ទី៦។
ID: 636865530145609533
ទៅកាន់ទំព័រ៖