ព្រះត្រៃបិដក ភាគ ៥៤
ព្រាហ្មណធម្មិកសូត្រ ទី៧
[២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ពួកព្រាហ្មណមហាសាល ជាច្រើននាក់ នៅក្នុងដែនកោសល ជាមនុស្សចាស់គ្រាំគ្រា ជាព្រឹទ្ធាចា្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បាននាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ឥឡូវនេះ ពួកព្រាហ្មណ៍ប្រាកដក្នុងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ដែរឬ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ មិនប្រាកដក្នុងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ទេ។
ID: 636865530432615949
ទៅកាន់ទំព័រ៖