ព្រះត្រៃបិដក ភាគ ៥៤
មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។
ចប់ កឹសីលសូត្រ ទី៩។
ឧដ្ឋានសូត្រ ទី១០
[៣៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុយ៉ាងនេះថា) អ្នកទាំងឡាយ ចូរក្រោក (ចូរអង្គុយចំរើនកម្មដ្ឋាន) ប្រយោជន៍អ្វី ដោយការដេកលក់របស់អ្នកទាំងឡាយ ព្រោះថា អ្នកទាំងឡាយ ឈឺជានិច្ច ត្រូវសរ គឺរាគាទិក្កិលេសចាក់ដោតហើយ កំពុងតែលំបាក ម្តេចក៏នៅដេកលក់។
អ្នកទាំងឡាយ ចូរក្រោកអង្គុយ ចូរសិក្សាឲ្យមាំមួន ដើម្បីសេចក្តីស្ងប់ កុំឲ្យមច្ចុរាជបានដឹងនូវអ្នកទាំងឡាយ ថាជាអ្នកប្រមាទ ហើយធ្វើឲ្យវង្វេង លុះក្នុងអំណាចនៃខ្លួនឡើយ។
ID: 636865535040819523
ទៅកាន់ទំព័រ៖