ព្រះត្រៃបិដក ភាគ ៥៤
សុត្តនិបាត មហាវគ្គ ទី៣
បព្វជ្ជាសូត្រ ទី១
[៤១] (ព្រះអានន្ទដ៏មានអាយុ ពោលថា) ខ្ញុំនឹងសំដែងនូវបព្វជា្ជដែលព្រះពុទ្ធមានចក្ខុនោះ បានទ្រង់ព្រះផ្នួសហើយ ដោយប្រការយ៉ាងណា ទ្រង់ពិចារណាឃើញយ៉ាងណា ទើបទ្រង់ពេញព្រះហ្ឫទ័យនឹងបព្វជ្ជា។ ព្រះអង្គទ្រង់ឃើញថា ឃរាវាសនេះ ចង្អៀតចង្អល់ ជាទីកើតនៃធូលី គឺកិលេស មួយទៀត ទ្រង់ឃើញថា បព្វជ្ជាមានឱកាសទូលាយ ទើបទ្រង់ព្រះផ្នួស។ លុះព្រះអង្គទ្រង់ព្រះផ្នួសហើយ វៀរចាកបាបកម្មដោយកាយ លះបង់ការប្រព្រឹត្តិអាក្រក់ដោយវាចា ជំរះអាជីវៈឲ្យបរិសុទ្ធ។ ព្រះពុទ្ធមានព្រះលក្ខណៈដ៏ប្រសើរបរិបូណ៌ ទ្រង់យាងទៅកាន់ក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញ ដូចជាក្រោលរបស់ពួកអ្នកមគធៈ ទ្រង់យាងបិណ្ឌបាត។ ព្រះរាជាពិម្ពិសារ ទ្រង់ឋិតលើប្រាសាទ បានទតឃើញនូវព្រះពុទ្ធនោះ លុះទ្រង់ឃើញព្រះពុទ្ធបរិបូណ៌ដោយលក្ខណៈហើយ ទើបត្រាស់សេចក្តីនេះ (ចំពោះអាមាត្យទាំងឡាយ) ថា
ID: 636865542656505116
ទៅកាន់ទំព័រ៖