ព្រះត្រៃបិដក ភាគ ៥៤
សុភាសិតសូត្រ ទី៣
[៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រកបដោយអង្គ ៤ ឈ្មោះថា ជាសុភាសិត មិនមែនជាទុព្ភាសិតឡើយ ជាវាចាមិនមានទោសផង ដែលពួកវិញ្ញូជនមិនគប្បីតិះដៀលផង។ ប្រកបដោយអង្គ ៤ តើដូចម្តេច។ គឺបុគ្គលក្នុងលោកនេះ និយាយតែវាចាជាសុភាសិត មិននិយាយវាចាជាទុព្ភាសិត ១ និយាយវាចាជាធម៌តែម្យ៉ាង មិននិយាយវាចាមិនមែនជាធម៌ ១ និយាយតែវាចាគួរស្រឡាញ់ មិននិយាយវាចាដែលមិនគួរស្រឡាញ់ ១ និយាយតែវាចាពិត មិននិយាយវាចាឡេះឡោះ១។
ID: 636865545053202199
ទៅកាន់ទំព័រ៖