ព្រះត្រៃបិដក ភាគ ៥៤
មិនត្រឹមតែប៉ុណ្ណោះឡើយ ពួកតិរិ្ថយទាំងនោះ សូម្បីតែមួយនាក់ កាលពោលប្រកាន់មាំ ក្នុងផ្លូវនៃទិដ្ឋិរបស់ខ្លួនហើយ មុខជាដុតកំដៅបុគ្គលដទៃ ថាជាមនុស្សពាល ព្រោះទិដ្ឋិរបស់ខ្លួនដូច្នេះ លុះតិរិ្ថយពោលនូវបុគ្គលដទៃថា ជាមនុស្សពាល ថាជាអ្នកមានធម៌មិនបរិសុទ្ធិហើយ គប្បីនាំមកនូវជម្លោះចំពោះខ្លួនឯង។ តិរិ្ថយនោះ តាំងនៅក្នុងវិនិច្ឆយធម៌ (ដោយតណ្ហា និងទិដ្ឋិ) តាំងលទ្ធិដោយខ្លួនឯងហើយ រមែងដល់នូវការទាស់ទែងគ្នា ដ៏ក្រៃលែងលើសលុបក្នុងលោក ចំណែកសត្វ ដែលលះបង់នូវវិនិច្ឆយធម៌ទាំងអស់ (ដោយអរិយមគ្គ) រមែងមិនធ្វើនូវជម្លោះក្នុងលោកឡើយ។
ចប់ ចូឡវិយូហសូត្រ ទី១២។
មហាវិយូហសូត្រ ទី១៣
[១០៧] (ព្រះពុទ្ធនិមិ្មត សួរថា) សមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ (របស់ខ្លួន) តែងជជែកគ្នាថា នេះឯងជារបស់ពិត តើពួកសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមករឿយ ៗ នូវពាក្យនិន្ទា ឬបាននូវពាក្យសរសើរ ព្រោះទិដ្ឋិរបស់ខ្លួននោះ ដែរឬ។
ID: 636865618765588306
ទៅកាន់ទំព័រ៖