ព្រះត្រៃបិដក ភាគ ៥៤
ព្រះអង្គពោលថា កាលពួកសមណព្រាហ្មណ៍ណា លះអារម្មណ៍ដែលខ្លួនបានឃើញ បានឮ បានប៉ះពាល់ និងសីលវ័ត លះបង់វិធីជាច្រើនយ៉ាងទាំងអស់ចេញ ឬពួកជនណា កំណត់ដឹងនូវតណ្ហា មិនមានអាសវៈ ទើបតថាគត ពោលថា ជនទាំងនោះ ឆ្លងផុតឱឃៈបាន។
ចប់ នន្ទមាណវកប្បញ្ហា ទី៧។
ហេមកប្បញ្ហា ទី៨
[១១៩] (ហេមកមាណពដ៏មានអាយុ ទូលសួរថា) ក្នុងកាលពីដើម មុនសាសនានៃព្រះគោតម អាចារ្យទាំងឡាយ បានពោលយ៉ាងជាក់ច្បាស់ថា ពាក្យនោះ ធ្លាប់មានមកហើយយ៉ាងនេះ ពាក្យនោះ នឹងមានតទៅ ពាក្យទាំងអស់នោះ ជាពាក្យមិនជាក់ច្បាស់ ពាក្យទាំងអស់នោះ ជាគ្រឿងចំរើននៃសេចក្តីត្រិះរិះ (ខ្ញុំព្រះអង្គមិនទាន់ពេញចិត្តក្នុងពាក្យនោះឡើយ) បពិត្រព្រះអង្គជាព្រះមុនី សូមព្រះអង្គសំដែងធម៌ សម្រាប់ដកចេញនូវតណ្ហា ដែលនាំឲ្យខ្ញុំព្រះអង្គដឹងច្បាស់ មានសតិ ឆ្លងតណ្ហាដែលផ្សាយទៅផ្សេង ៗ ដល់ខ្ញុំព្រះអង្គ។
ID: 636865642029238911
ទៅកាន់ទំព័រ៖