ព្រះត្រៃបិដក ភាគ ៥៤
វត្ថុណាមួយក្នុងលោក ដែលព្រះអង្គមិនធ្លាប់ឃើញ មិនធ្លាប់ឮ មិនធ្លាប់ប៉ះពាល់ ឬមិនធ្លាប់ជ្រាប មិនមានទេ សូមព្រះអង្គត្រាស់បា្រប់ធម៌ ដែលខ្ញុំព្រះអង្គគួរដឹង សម្រាប់លះជាតិ និងជរា ក្នុងអត្តភាពនេះ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបិងិ្គយៈ) កាលបើអ្នកឃើញនូវពួកមនុស្ស ដែលត្រូវតណ្ហាកំពុងគ្របសង្កត់ ជាសត្វមានសេចក្តីក្តៅក្រហាយកើតឡើងហើយ ត្រូវជរារួបរឹតហើយ ម្នាលបិង្គិយៈ ហេតុដូច្នោះ អ្នកកុំប្រមាទ ចូរលះតណ្ហាចោលចេញ ដើម្បីមិនឲ្យកើតតទៅទៀត។
ចប់ បិង្គិយមាណវកប្បញ្ហា ទី១៦។
[១២៨] កាលព្រះមានព្រះភាគ ទ្រង់គង់នៅនាបាសាណចេតិយ ក្នុងដែនមគធៈ ទ្រង់បានសំដែងសូត្រនេះ កាលពួកព្រាហ្មណ៍ ១៦ នាក់ ជាអ្នកបំរើ (របស់ពាវរីព្រាហ្មណ៍) អារាធនាហើយ ទើបព្រះអង្គទ្រង់ដោះស្រាយបញ្ហា។ បើបុគ្គលបានដឹងនូវអត្ថ បានដឹងនូវធម៌នៃបញ្ហាមួយ ៗ ហើយ គប្បីប្រតិបត្តិនូវធម៌ដ៏សមគួរតាមធម៌ បុគ្គលនោះ មុខជាដល់នូវត្រើយនៃជរា និងមរណៈពុំខាន ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅ (កាន់ត្រើយ គឺព្រះនិព្វាន)
ID: 636865645928821954
ទៅកាន់ទំព័រ៖