ព្រះត្រៃបិដក ភាគ ៥៤
ព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរឿយ ៗ ដូច្នេះហើយ តិស្សព្រាហ្មណ៍ អ្នកដល់នូវត្រើយនៃមន្ត ក៏ដឹងនូវសេចក្តីនោះ ព្រះមុនី ជាអ្នកមិនមានក្លិនឆ្អាប គឺកិលេស មិនអាស្រ័យតណ្ហា និងទិដ្ឋិ ឥតអ្នកណាមួយដឹកនាំឲ្យអាក្រក់បាន ទ្រង់ប្រកាសដោយគាថាទាំងឡាយដ៏វិចិត្រ។ ព្រាហ្មណ៍បានស្តាប់បទសុភាសិត ដែលមិនមានក្លិនឆ្អាប ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងពួង របស់ព្រះពុទ្ធហើយ ក៏មានចិត្តឱនលំទោន ថ្វាយបង្គំព្រះតថាគត សូមបព្វជ្ជា ក្នុងទីនេះឯង។
ចប់ អាមគន្ធសូត្រ ទី២។
ហិរិសូត្រ ទី៣
[២៣] បណ្ឌិតបុរស គប្បីដឹងនូវបុគ្គលនោះ ដែលមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីខ្ពើមរអើម និយាយថា ខ្ញុំជាសម្លាញ់ (របស់អ្នក) មិនអើពើនឹងការងារទាំងឡាយ (របស់សំឡាញ់) ដែលខ្លួនអាចធ្វើបានថា បុគ្គលនោះ មិនមែនជាមិត្តរបស់អញទេ។
ID: 636865526848580954
ទៅកាន់ទំព័រ៖