ព្រះត្រៃបិដក ភាគ ៥៥
កាលនាងងាកកាយ សូរគឹកកងនៃគ្រឿងប្រដាប់ទាំងឡាយ ឰដ៏ផ្នួងសក់នោះ ឮដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ សូរគឹកកងនៃគ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ កម្រើកដោយខ្យល់នោះ ឮដូចជាតូរ្យតន្ត្រីប្រកបដោយអង្គ ៥ កម្រងផ្កាណា ឰដ៏សិរ្សៈរបស់នាង មានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាទីរីករាយចិត្ត ក្លិនកម្រងផ្កានោះ រមែងផ្សាយទៅសព្វទិស ដូចឈើឪឡោក នាងតែងធុំក្លិនក្រអូបនុ៎ះ តែងឃើញរូប ដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) ក្នុងកាលពីដើម ខ្ញុំជាទាសីនៃព្រាហ្មណ៍ក្នុងស្រុកឈ្មោះ គយា ជាស្ត្រីមានបុណ្យតិច មិនមានសិរី ពួកជនស្គាល់ខ្ញុំថា ជាស្ត្រីឈ្មោះរជ្ជុមាលា ខ្ញុំធុញទ្រាន់ដោយការគម្រាមរបស់ពួកជនអ្នកជេរ វាយ ហើយក៏កាន់ក្អម ដើរចេញទៅដងទឹក ត្រឡប់មកវិញ ដាក់ក្អមទៅក្រៅផ្លូវ ដើរចូលទៅកាន់ដងព្រៃ ដោយគិតថា អញនឹងស្លាប់ ក្នុងទីនេះតែម្តងទៅចុះ ប្រយោជន៍អី្វដោយការរស់នៅរបស់អញ ហើយក៏ធ្វើអន្ទាក់យ៉ាងមាំ ចងសំយ៉ុងចុះ ត្រង់ប្រគាបឈើ លំដាប់នោះ ខ្ញុំក៏រមិលមើលនូវទិសទាំងឡាយថា អ្នកណាហ្ន៎ ដែលអាត្មាអញត្រូវនមស្ការ
ID: 636866311465238460
ទៅកាន់ទំព័រ៖