ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គមានប្រយោជន៍ ដល់សត្វលោកទាំងពួង ទ្រង់ជាអ្នកប្រាជ្ញ កំពុងគង់ចំរើនឈាន ទៀបគល់ឈើនោះ ព្រះអង្គមិនមានភ័យ អំពីទីណាមួយ សេចកី្តសង្វេគ សេចកី្តអស្ចារ្យ និងការព្រឺរោម ក៏កើតឡើងដល់ខ្ញុំនោះ (ដោយគិតថា) បុគ្គលណាហ្ន៎ មនុស្ស ឬទេវតា ដែលអាត្មាអញ ត្រូវនមស្ការ ហើយចិត្តខ្ញុំក៏ជ្រះថ្លា ព្រោះបានឃើញព្រះសម្ពុទ្ធ អ្នកនាំមកនូវសេចកី្តជ្រះថ្លា គួរជាទីជ្រះថ្លា ព្រះអង្គចេញអំពីព្រៃ គឺកិលេស មកកាន់ព្រះនិព្វាន ដែលមិនមានតណ្ហា ព្រះសម្ពុទ្ធនេះ មិនមែនជាបុគ្គលផ្តេសផ្តាសទេ ព្រះអង្គមានឥន្ទ្រិយគ្រប់គ្រងហើយ ត្រេកអរក្នុងឈាន មានចិត្តមិនបានប្រព្រឹត្តទៅក្នុងអារម្មណ៍ខាងក្រៅ ព្រះអង្គជាប្រយោជន៍ដល់សត្វលោកទាំងពួង នេះប្រាកដជាព្រះពុទ្ធ ដូចជាសីហៈ ដែលគួរខ្លាចដ៏ពន្លឹក មិនគួរហ៊ានចូលទៅរកអាស្រ័យនៅក្នុងគុហា ព្រះពុទ្ធនេះ បុគ្គលកម្របានចួបប្រទះ ដូចជាផ្កាឧទុម្ពរ (ដែលគេឃើញបានដោយក្រ) ព្រះតថាគតនោះ បានហៅខ្ញុំដោយវាចាផ្អែមល្ហែមថា ម្នាលនាងរជ្ជុមាលា ហើយទ្រង់ត្រាស់នឹងខ្ញុំថា នាងចូរដល់នូវព្រះតថាគតជាទីពឹងចុះ លុះខ្ញុំបានស្តាប់ព្រះវាចានោះ ជាវាចាឥតទោស ប្រកបដោយប្រយោជន៍ ជាវាចាស្អាតពីរោះ ផ្អែមល្ហែមគួរចង់ស្តាប់ បន្ទោបង់នូវសេចកី្តសោកទាំងពួង (ហើយមានចិត្តជ្រះថ្លា)
ID: 636866311683230928
ទៅកាន់ទំព័រ៖