ព្រះត្រៃបិដក ភាគ ៥៥

​រេវតី​វិមាន​ ​ទី២​


 ​[​៥២​]​ ​ពួក​ញាតិមិត្ត​និង​សំឡាញ់​ ​តែង​ត្រេកអរ​សាទរ​ចំពោះ​បុរស​ដែល​ព្រាត់​គ្នា​ ​អស់​កាលយូរ​ ​ហើយ​វិល​មក​អំពី​ទី​ឆ្ងាយ​ដោយ​សួស្តី​ថា​ ​មក​ហើយ​ដូច្នេះ​ ​យ៉ាងណា​ ​បុណ្យ​ទាំងឡាយ​ ​រមែង​ទទួល​បុគ្គល​ដែល​បាន​ធ្វើបុណ្យ​ហើយ​ ​ចេញ​ចាកលោក​នេះ​ ​ទៅកាន់​លោកខាងមុខ​ ​ដូច​ពួក​ញាតិ​ទទួល​ញាតិ​ជាទីស្រឡាញ់​មកដល់​យ៉ាងនោះ​ដែរ​
 (​យក្ខ​ទាំងពីរ​នាក់​និយាយ​ថា​)​ ​នែនាង​រេវតី​មានធម៌​ដ៏​លាមក​ពន់ពេក​ ​ជា​ស្រី​ឥត​ទាន​ ​ឥត​សីល​ ​នាង​ចូរ​ក្រោក​ឡើង​ ​ទ្វារ​នរក​បើក​ហើយ​ ​ពួក​សត្វ​នរក​ ​ជា​សត្វ​ទុគ៌ត​ប្រកបដោយ​ទុក្ខ​ ​យំថ្ងូរ​នៅក្នុង​ទីណា​ ​ពួក​យើង​នឹង​នាំ​នាង​ទៅ​ក្នុង​ទីនោះ​ ​លុះ​យក្ខ​មាន​ភ្នែក​ក្រហម​ ​ធំ​សំបើម​ទាំងពីរ​ ​ជា​ទូត​នៃ​យមរាជ​ ​បាន​ពោល​យ៉ាងនេះ​ហើយ​ ​ក៏​ចាប់​នាង​រេវតី​ ​ត្រង់​ដើមដៃ​ម្ខាង​ម្នាក់​ ​ហើយ​នាំចូល​ទៅ​ក្នុង​សំណាក់​នៃ​ពួក​ទេវតា​
 (​នាង​រេវតី​សួរ​ថា​)​ ​វិមាន​ដែល​មាន​សម្បុរ​ដូច​ព្រះអាទិត្យ​ដ៏​រុងរឿង​ ​ភ្លឺផ្លេក​ ​សំបើម​ល្អ​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​មាន​ជន​កុះករ​ ​ភ្លឺ​ដូច​រស្មី​ព្រះអាទិត្យ​នុ៎ះ​ ​តើ​ជា​វិមាន​អ្នកណា​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636866312973344719
ទៅកាន់ទំព័រ៖