ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំនឹងរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ខ្ញុំនឹងជាបុគ្គលសង្រួមក្នុងសីលទាំងឡាយគ្រប់កាល ខ្ញុំនឹងមិនប្រមាទក្នុងទាន ព្រោះខ្ញុំបានឃើញអំពើនេះ (ជាក់ច្បាស់) ដោយខ្លួនឯងហើយ។
(ពួកនិរយបាល) បោះនាងរេវតីដែលកំពុងយំ បម្រះននៀលយ៉ាងនេះ ទៅក្នុងនរកដ៏ពន្លឹក ឲ្យមានជើងឡើងលើ មានក្បាលចុះក្រោម។
(នាងរេវតីនិយាយថា) ក្នុងកាលមុន ខ្ញុំជាអ្នកមានសេចកី្តកំណាញ់ ជាអ្នកជេរប្រទេចនូវពួកសមណៈ និងព្រាហ្មណ៍ បោកប្រាសនូវស្វាមីដោយពាក្យមិនពិត ទើបខ្ញុំឆេះក្នុងនរក មានសភាពដ៏ពន្លឹក។
ចប់ រេវតីវិមាន ទី២។
ឆត្តមាណវកវិមាន ទី៣
[៥៣] ព្រះមានព្រះភាគ ជាសក្យមុនីអង្គណាដ៏ប្រសើរ ខ្ពស់ជាងពួកអ្នកប្រាជ្ញ ក្នុងពួកមនុស្ស ទ្រង់បានធ្វើកិច្ចស្រេចហើយ ដល់នូវត្រើយ គឺព្រះនិព្វាន ព្រះអង្គ ប្រកបព្រមដោយកំឡាំង (និងញាណ) និងសេចកី្តព្យាយាម អ្នកចូរដល់នូវព្រះមានព្រះភាគ ជាព្រះសុគតអង្គនោះ ដើម្បីជាសរណៈចុះ
ID: 636866314299790587
ទៅកាន់ទំព័រ៖