ព្រះត្រៃបិដក ភាគ ៥៥
បានឃើញភិក្ខុដែលប្រាសចាកធូលី គឺកិលេស មានឥន្ទ្រិយដ៏ជ្រះថ្លាមិនល្អក់ ខ្ញុំក៏ជ្រះថ្លា បានប្រគេនម្ជុលដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ ទុតិយសូចិវិមាន ទី៩។
នាគវិមាន ទី១០
[៦០] (ព្រះមោគ្គល្លានសួរថា) អ្នកឡើងជិះដំរី ដែលមាន ក សល្អ ឥតសៅម៉ង មានភ្លុក មានកំឡាំង មានសន្ទុះខ្លាំង គួរឡើងជិះ ជាដំរីដ៏ប្រសើរ ដែលបុញ្ញឫទិ្ធតាក់តែងហើយដោយប្រពៃ រីករាយក្នុងអាកាស មកក្នុងទីនេះ គុម្ពឈូកទាំងឡាយ ស្ថិតនៅក្នុងទឹកថ្លា មានផ្ការីកស្គុះស្គាយល្អ ដែលបុញ្ញឫទ្ធិនិម្មិតហើយ លើភ្លុកទាំងពីរនៃដំរី ទាំងពួកតូរ្យតន្ត្រីប្រគំនៅលើផ្កាឈូកទាំងឡាយ ឯពួកទេពអប្សរទាំងនេះ គួររីករាយចិត្ត រាំ (នៅលើផ្កាឈូក) អ្នកបានសម្រេចទេវឫទិ្ធ មានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។
ID: 636866318124199331
ទៅកាន់ទំព័រ៖